ចេះការពារខ្លួនឯង (និងដៃគូរបស់អ្នក)៖ ពួកយើងហ៊ានទាយថាអ្នកនៅក្មេងណាស់មិនទាន់សមធ្វើជាឪពុករបស់គេទេ មែនទេ? ហើយម៉្យាងទៀតអ្នកក៏ពិតជាមិនចង់ឆ្លងរោគកាចសាហាវ ដែលគេហៅជាទូទៅថា ជំងឺកាមរោគ នោះដែរ។
សូមកុំភ្លេចប្រើស្រោមអនាម័យ៖ ពីព្រោះវាជាមធ្យោបាយដ៏ប្រសើរបំផុតមិនមែនសម្រាប់តែការពារការមានផ្ទៃពោះប៉ុណ្ណោះ ប៉ុន្តែ(និងជាពិសេស)វាអាចការពារការឆ្លងជំងឺកាមរោគផងដែរ។ ស្រោមអនាម័យមានទ្រង់ទ្រាយនិងពណ៌ខុសៗគ្នាហើយថែមទាំងមានក្លិនផ្សេងៗគ្នាទៀតផង។ យើងជឿជាក់ថាអ្នកចេះលៃលកធ្វើយ៉ាងណាឲ្យបានសប្បាយសំរាប់ការប្រើប្រាស់វា!
រួមភេទជាមួយដៃគូដែលខ្លួនពេញចិត្ត៖ ដៃគូរបស់អ្នកប្រហែលជាអាច ឬក៏នឹងមិនមែនជាដៃគូស្នេហាប្រចាំជីវិតរបស់អ្នកនោះទេ ក៏ប៉ុន្តែ ដៃគូរបស់អ្នកត្រូវតែជាមនុស្សដែលអ្នកទាក់ចិត្តដែរ។ការទុកចិត្តគ្នាទៅវិញទៅមក ពិតជាសំខាន់ណាស់ចំពោះដៃគូស្នេហា។ ដូច្នេះសេចក្ដីស្នេហាពិតជាជួយបង្កើនទំនុកចិត្តគ្នាឲ្យកាន់តែប្រសើរថែមទៀត។
រៀបចំសមរភូមិស្នេហារបស់អ្នកឲ្យបានល្អ៖ កន្លែងស្អាត មានលក្ខណៈឯកជន អាចជាបន្ទប់មានគ្រែ(ចាក់សោរពីក្នុង) វាប្រសើរជាងនៅតាមសួនសាធារណៈ ឬក៏នៅក្នុងបន្ទប់ទឹកក្នុងក្លិបរាត្រី មែនទេ?ដរាបណាស្ថានភាពអំណោយផល ចូរគិតគូរអំពីផាសុកភាពរបស់អ្នក។វាមិនត្រឹមតែទាក់ទងនឹងទីកន្លែងប៉ុណ្ណោះទេ ពេលវេលាក៏សំខាន់ដូចគ្នាដែរពីព្រោះអ្នកនឹងបានសប្បាយពេញទំហឹង ប្រសិនបើអ្នកមិនចាំបាច់រួមភេទទាំងតក់ក្រហល់ទាំងមុនពេលចាប់ផ្តើម ទាំងក្នុងអំឡុងពេលកំពុងប្រតិបត្តិការ និងក្រោយពេលរួមភេទរួច!
ធ្វើវានៅពេលណាដែលអ្នកមានអារម្មណ៍ថាអ្នកត្រៀមខ្លួនរួចរាល់ហើយ៖ ជាទូទៅគេមិនអាចកំណត់បានថាបាត់បង់ព្រហ្មចារីពេលណាល្អនោះទេ ។ មនុស្សម្នាក់ៗខុសៗគ្នាហើយក៏មានបទពិសោធន៍ផ្សេងៗគ្នាដែរ។ អ្នកមិនត្រូវមានអារម្មណ៍ថាអ្នកពិតជារងសម្ពាធត្រូវតែរួមភេទពីព្រោះមិត្តភក្ដិរបស់អ្នកទាំងអស់បានធ្វើវារួចហើយឬមួយក៏ព្រោះតែវាជាទិវានៃសេចក្តីស្រឡាញ់ឬក៏ដោយសារតែមនុស្សនៅជុំវិញខ្លួនអ្នកកំពុងជជែកគ្នាអំពីរឿងនេះ(តាមពិតសុភាពបុរសមិនសូវជានិយាយពីរឿងនេះច្រើនទេ)។ពេលវេលាល្អគឺជាពេលដែលអ្នកយល់ថាវាសាកសបសម្រាប់អ្នកនិងដៃគូរបស់អ្នកដែរ។កុំដាក់សម្ពាធបង្ខំដៃគូរបស់អ្នកឲ្យរួមភេទហើយក៏មិនត្រូវឲ្យដៃគូរបស់អ្នកដាក់សម្ពាធបង្ខំអ្នកដែរ។ធ្វើវានៅពេលណាដែលអ្នកទាំងពីរត្រៀមខ្លួនរួចរាល់១០០%។
កុំធ្វើការបង្ខិតបង្ខំ៖ គ្មានអ្នកណា អាចបង្ខំអ្នកឲ្យធ្វើអ្វីដែលអ្នកមិនចង់ធ្វើនោះឡើយ។ ម៉្យាងវិញទៀតអ្នកក៏មិនគួរបង្ខំអ្នកណាផ្សេងម្នាក់ទៀតឲ្យធ្វើអ្វីដែលគេមិនចង់ធ្វើនោះដែរ។ការសុខចិត្តព្រមព្រៀងគ្នាទៅវិញទៅមក គឺពិតជាសំខាន់ណាស់។
កុំមានភាពតានតឹងក្នុងចិត្ត៖ ដកដង្ហើម បន្ធូរអារម្មណ៍ ហើយធ្វើដូចធម្មតា។ ពិតណាស់អ្នកអាចទទួលអារម្មណ៍រងសម្ពាធបន្តិច ជាពិសេសលើកដំបូង(ប៉ុន្តែអ្នកណាក៏អញ្ចឹងដែរ)។ ចូរចងចាំថាសេចក្តីស្នេហាអាចទទួលបានសេចក្តីរីករាយកាន់តែខ្លាំងថែមទៀតប្រសិនបើអ្នកទាំងពីរកុំគិតជ្រុលពេកអំពីអ្វីដែលដៃគូរំពឹងចង់បានឬអំពីសមត្ថភាពផ្លូវភេទខ្លួនឯងជាដើម។ការដែលមានពេលវេលាពេញដោយសេចក្តីស្នេហាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ពេញចិត្តនិងស្រឡាញ់ នឹងជួយឲ្យអ្នកមានអារម្មណ៍ទុកចិត្តលើខ្លួនឯង និងធូរស្រាលក្នុងអារម្មណ៍។
វាមិនមែនសំខាន់តែលើការបញ្ចូលប្រដាប់ភេទមួយមុខនោះទេ៖ ការប្រលោមបបោសអង្អែលជាមុនក៏សំខាន់ដូចគ្នានឹងការស៊កប្រដាប់ភេទចូលដែរ។ ការឱបរឹត ថ្នាក់ថ្នម បន្ទាប់ពីចេញទឹកកាមហើយក៏សំខាន់ដូចគ្នាដែរ។ យើងជឿជាក់ថា អ្នកទាំងពីរនឹងទទួលបានភាពរីករាយកាន់តែច្រើនប្រសិនបើអ្នកមិនតក់ក្រហល់ឲ្យឆាប់ទៅដល់ចំណុចកំពូល “ដ៏ក្តៅគគុក”ដែលប្រៀបបានដូចជាគ្មានថ្ងៃស្អែកនោះ។
ទំហំប្រដាប់ភេទមិនមែនជារឿងនសំខាន់ប៉ុន្មានទេ៖ ទំហំលិង្គរបស់អ្នកមិនធ្វើឲ្យមានភាពខុសគ្នាច្រើនទេនៅក្នុងការរួមរ័ក។ តើអ្នកមានដឹងទេថាផ្នែកដែលស្រើបស្រាលបំផុតនៅក្នុងយោនីគឺនៅក្នុងជម្រៅមួយសង់ទីម៉ែត្រដំបូងនោះ?នៅក្នុងការរួមរ័កការដាក់អារម្មណ៍អាចដើរតួនាទីធំជាងទំហំលិង្គរបស់អ្នកទៅទៀត។ដូច្នេះកុំបារម្មណ៍អី!
កុំយកតម្រាប់តាមភាពយន្តអាសអាភាស៖ ភាពយន្តអាសអាភាសអាចខុសពីភាពជាក់ស្តែងឆ្ងាយណាស់។ ភាពយន្តអាសអាភាសប្រហែលជាមិនមែនគ្រូបង្រៀនល្អទេសម្រាប់រឿងរួមភេទ ជាពិសេសសម្រាប់“អ្នកចាប់ផ្តើមដំបូង”។ នៅពេលសេពសន្ថវៈ ឬរួមរ័ក្សស្នេហាអ្នកមិនមែនជាមនុស្សតែម្នាក់ដែលត្រូវបំពេញចិត្តម្នាក់ទៀតនោះទេ។មានមនុស្សពីរនាក់ដែលកំពុងស្ថិតក្នុងការរួមរ័ក្សនេះ ហើយដូច្នេះទាំងពីរនាក់ត្រូវទទួលភាពរីករាយដូចគ្នា។ការសេពសន្ថវៈគឺជាការភពប្រសព្វមួយពោរពេញដោយភាពផ្អែមល្ហែម និងត្រេកត្រអាល ជក់ចិត្តដូច្នេះកុំភ្លេចកចំណុចនេះ!
ហើយចុងក្រោយបង្អស់សូមប្រើស្រោមអនាម័យអោយបានគ្រប់ពេល៖ អូហ៍! មែនហើយ! យើងបានប្រាប់អ្នករួចហើយនៅក្នុងប្រការអំពីអ្វីដែលគួរធ្វើ ។ រួចចុះវាយ៉ាងម៉េច? ប្រាប់ពីរដងគឺប្រសើរជាងប្រាប់មួយដង!